លិខិតធានាដកទំនិញ: ការធានាសុវត្ថិភាពក្នុងការដឹកជញ្ជូនទំនិញ

លិខិតធានាដកទំនិញ: ការធានាសុវត្ថិភាពក្នុងការដឹកជញ្ជូនទំនិញ
លិខិតធានាដកទំនិញ (Shipping Guarantee) គឺជាឧបករណ៍ហិរញ្ញវត្ថុមួយដែលធនាគារចេញទៅឱ្យក្រុមហ៊ុនដឹកជញ្ជូន ដើម្បីធានាសុវត្ថិភាពក្នុងការដកទំនិញជូនអ្នកទិញដោយពុំមានអញ្ញាតប័ណ្ណច្បាប់ដើម (Original Bill of Lading)។ វាជាការធានាថា ក្រុមហ៊ុនដឹកជញ្ជូននឹងទទួលបានសំណងពេញលេញពីធនាគារ ក្នុងករណីដែលទំនិញត្រូវបានប្រគល់ជូនអ្នកទិញ ដោយមិនមានអញ្ញាតប័ណ្ណដឹកជញ្ជូនច្បាប់ដើម (Original Bill of Lading) ក្នុងករណីមានការខាតបង់ប្រាក់ មកពីការឆបោក លើការដកទំនិញ ឬករណីផ្សេងទៀត។

ហេតុអ្វីត្រូវការលិខិតធានាដកទំនិញ?

  • ការពារប្រយោជន៍របស់ក្រុមហ៊ុនដឹកជញ្ជូន: លិខិតធានានេះជួយធានាថាក្រុមហ៊ុនដឹកជញ្ជូននឹងមិនខាតបង់ប្រាក់ក្នុងករណីមានការឆបោក លើការដកទំនិញ។
  • សម្រួលដល់ដំណើរការដឹកជញ្ជូន: វាជួយឱ្យក្រុមហ៊ុនដឹកជញ្ជូនអាចបញ្ចេញទំនិញឱ្យអតិថិជនបានលឿនជាងមុន ដោយមិនចាំបាច់រង់ចាំអញ្ញាតប័ណ្ណដឹកជញ្ជូនដើម។

ការប្រើប្រាស់លិខិតធានាដកទំនិញ:

លិខិតធានាដកទំនិញត្រូវបានប្រើប្រាស់ជាទូទៅក្នុងក្របខ័ណ្ឌនៃសេវាហិរញ្ញវត្ថុអន្តរជាតិ ជាពិសេសក្នុងករណីដូចជា:

  • សេវាលិខិតឥណទាន (Letter of Credit): នៅពេលដែលអ្នកលក់បង្ហាញឯកសារក្រោមលិខិតឥណទានមកធនាគារដែលចេញលិខិតឥណទានយឺតជាងការមកដល់របស់ទំនិញ។
  • សេវាប្រមូលការទូទាត់លើឯកសារ (Documentary Collection): នៅពេលដែលអ្នកលក់បង្ហាញឯកសារក្រោមប្រតិបត្តការសេវាប្រមូលការទូទាត់លើឯកសារ មកធនាគារធនាគារអ្នកទិញ យឺតជាងការមកដល់របស់ទំនិញ។

ឯកសារដែលត្រូវការ:

ដើម្បីទទួលបានលិខិតធានាដកទំនិញ អតិថិជនត្រូវតែបង្ហាញឯកសារដូចជា:

  • ច្បាប់ថតចម្លងអញ្ញាតប័ណ្ណដឹកជញ្ជូន
  • វិក័យបត្រ
  • ឯកសារពាក់ព័ន្ធផ្សេងៗ ដូចជា កិច្ចសន្យាទិញលក់ ឬលិខិតបញ្ជាទិញ

ការដាក់ប្រាក់តម្កល់ធានា:

ដើម្បីជាសុវត្ថិភាពចេញលិខិតដកទំនិញ ធនាគារអាចតម្រូវឱ្យអតិថិជនដាក់ប្រាក់តម្កល់ក្នុងចំនួនរហូតដល់១២០ភាគរយនៃតម្លៃទំនិញទៅតាមកម្រិតនៃហានិភ័យ។

លក្ខខណ្ឌរំលត់កាតព្វកិច្ចធានា:

កាតព្វកិច្ចធានារបស់ធនាគារនឹងត្រូវបញ្ចប់នៅពេលដែលអតិថិជនប្រគល់អញ្ញាតប័ណ្ណដឹកជញ្ជូនច្បាប់ដើមជូនក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនដឹកជញ្ជូនព្រមព្រៀងរំលត់កាតព្វកិច្ចធានាជាមួយធនាគារជាលាយល័ក្ខអក្សរ។

សេចក្តីសន្និដ្ឋាន:

លិខិតធានាដកទំនិញមានសារៈសំខាន់ក្នុងការធានាសុវត្ថិភាពក្នុងការដកទំនិញដោយគ្មានអញ្ញាតប័ណ្ណដឹកជញ្ជូន។ វាជួយកាត់បន្ថយហានិភ័យសម្រាប់ទាំងអតិថិជន និងក្រុមហ៊ុនដឹកជញ្ជូន។ ប្រសិនបើអ្នកកំពុងពិចារណាប្រើប្រាស់សេវាលិខិតឥណទាន ឬសេវាប្រមូលការទូទាត់លើឯកសារ សម្រាប់គាំទ្រលើការនាំចេញ នាំចូលទំនិញក្នុងតំបន់ ដែលការដឹកជញ្ជូនមានរយៈពេលលឿនជាងការរត់ការឯកសារដឹកជញ្ជូន​(Shipping Documents) ការយល់ដឹងអំពីលិខិតធានាដកទំនិញនឹងជួយអ្នកក្នុងការធ្វើការសម្រេចចិត្តបានប្រសើរជាងមុន។

vanijja.com




Comments

Post a Comment