ស្វែងយល់ពី FCA និង FOB (Incoterms 2020)៖ ការចំណាយ ហានិភ័យ និងការបញ្ចេញទំនិញពីគយ

ស្វែងយល់ពី FCA និង FOB (Incoterms 2020)៖ ការចំណាយ ហានិភ័យ និងការបញ្ចេញទំនិញពីគយ

សេចក្តីផ្តើម

ពេលអ្នកលក់ទំនិញទៅក្រៅប្រទេស អ្នកអាចបញ្ចប់ការងារ និងផ្ទេរហានិភ័យទៅអ្នកទិញ មុនពេលទំនិញឆ្លងសមុទ្រទៅទៀត។ នេះអាចកើតឡើងទោះបីជាអ្នកទិញមិនទាន់បានបង់ប្រាក់ក៏ដោយ។

ការដឹកជញ្ជូនអន្តរជាតិមានភាពស្មុគស្មាញ។ យើងត្រូវដឹងច្បាស់ថា អ្នកណារៀបចំការដឹកជញ្ជូន អ្នកណាចេញលុយ និងពេលណាដែលហានិភ័យត្រូវបានផ្ទេរ។ បើយើងប្រើពាក្យដូចជា FOB ឬ FCA ដោយមិនយល់ពីអត្ថន័យពិតប្រាកដ វាអាចបង្កជាបញ្ហា។ វាអាចនាំឱ្យមានការយល់ច្រឡំ ការចំណាយបន្ថែមនៅផែ ឬវិវាទផ្លូវច្បាប់នៅពេលទំនិញខូចខាត។

អត្ថបទនេះពន្យល់ពី FCA (Free Carrier) និង FOB (Free On Board)។ ពេលអ្នកយល់ពីរបៀបបែងចែក ហានិភ័យ ការចំណាយ និងការគយ អ្នកនឹងអាចជ្រើសរើសលក្ខខណ្ឌត្រឹមត្រូវ ការពារទំនិញរបស់អ្នក និងធ្វើការជាមួយដៃគូបានកាន់តែរលូន។

១. ការប្រគល់ទំនិញ ហានិភ័យ និងការចំណាយ

ការដឹកជញ្ជូនអន្តរជាតិប្រៀបដូចជាការរត់បណ្តាក់។ ភាគីទាំងពីរត្រូវដឹងច្បាស់ពីចំណុចប្រគល់ទំនិញ។ ចំណុចនេះមាន ៣ ផ្នែក៖

ការប្រគល់ទំនិញ (Delivery)៖ នេះគឺជាចំណុចផ្លូវច្បាប់។ វាគឺជាពេលដែលអ្នកលក់បានបញ្ចប់ការងាររបស់ខ្លួន ហើយប្រគល់ទំនិញទៅឱ្យអ្នកទិញ ឬតំណាងអ្នកទិញ។

ហានិភ័យ (Risk)៖ជាការខូចខាត ឬបាត់បង់ទំនិញ។ ពេលការប្រគល់ទំនិញរួចរាល់ ហានិភ័យធ្លាក់ទៅលើអ្នកទិញទាំងស្រុង។ បើទំនិញឆេះ ឬលិចទឹកក្រោយពេលប្រគល់ អ្នកទិញត្រូវខាតបង់ ហើយនៅតែត្រូវបង់លុយឱ្យអ្នកលក់ពេញចំនួនដដែល។

ការចំណាយ (Cost)៖ អ្នកលក់ចេញលុយរាល់ការចំណាយមុនពេលប្រគល់ទំនិញ។ អ្នកទិញចេញលុយរាល់ការចំណាយបន្ទាប់ពីនោះ។

 ២. FCA (Free Carrier)៖ សម្រាប់គ្រប់មធ្យោបាយដឹកជញ្ជូន

FCA អាចប្រើបានសម្រាប់គ្រប់មធ្យោបាយដឹកជញ្ជូន មិនថាជាយន្តហោះ រថភ្លើង ឡាន កប៉ាល់ ឬប្រើលាយគ្នាទេ។ ការប្រគល់ទំនិញក្រោម FCA មាន ២ របៀប៖


1. នៅទីតាំងអ្នកលក់៖ ការប្រគល់បញ្ចប់នៅពេលទំនិញត្រូវបានលើកដាក់លើឡានរបស់អ្នកទិញរួចរាល់។ អ្នកលក់ជាអ្នកចេញថ្លៃ និងទទួលហានិភ័យពេលលើកទំនិញដាក់លើឡាន។

2. នៅទីតាំងផ្សេងទៀត (ដូចជាផែ ឬឃ្លាំង)៖ ការប្រគល់បញ្ចប់នៅពេលឡានរបស់អ្នកលក់ទៅដល់ទីតាំងនោះ ហើយត្រៀមទម្លាក់ទំនិញចុះ។ អ្នកលក់មិនបង់ថ្លៃទម្លាក់ទំនិញទេ។ ខាងក្រុមហ៊ុនដឹកជញ្ជូនរបស់អ្នកទិញជាអ្នកចាត់ចែង និងចេញថ្លៃនេះ។

៣. FOB (Free On Board)៖ សម្រាប់តែផ្លូវទឹក

FOB ប្រើសម្រាប់តែការដឹកជញ្ជូនតាមសមុទ្រ ឬផ្លូវទឹកប៉ុណ្ណោះ។ 

ការប្រគល់ទំនិញ និងការផ្ទេរហានិភ័យ កើតឡើងនៅពេលទំនិញត្រូវបានដាក់នៅលើកប៉ាល់រួចរាល់។ អ្នកលក់ត្រូវចេញថ្លៃដឹកជញ្ជូនទៅផែ ថ្លៃសេវាផែ និងថ្លៃលើកទំនិញដាក់លើកប៉ាល់។ ពេលទំនិញទៅដល់លើកប៉ាល់ ការប្រគល់ត្រូវបានបញ្ចប់។ ចាប់ពីពេលនោះ អ្នកទិញត្រូវទទួលហានិភ័យ និងចេញថ្លៃដឹកជញ្ជូនតាមសមុទ្រ ធានារ៉ាប់រង និងការចំណាយផ្សេងៗរហូតដល់គោលដៅ។

៤. ការបញ្ចេញទំនិញពីគយ

រាល់ការដឹកជញ្ជូនឆ្លងដែនត្រូវតែមានការរៀបចំឯកសារគយ។ សម្រាប់ FCA និង FOB ការទទួលខុសត្រូវនេះត្រូវបានចែកចេញជាពីរ៖

គយនាំចេញ (អ្នកលក់)៖ អ្នកលក់ត្រូវរៀបចំ និងចេញថ្លៃបែបបទនាំចេញ អាជ្ញាប័ណ្ណ និងពន្ធនាំចេញនៅប្រទេសរបស់ខ្លួន។

គយនាំចូល (អ្នកទិញ)៖ អ្នកទិញត្រូវរៀបចំ និងចេញថ្លៃបែបបទនាំចូល អាជ្ញាប័ណ្ណ និងពន្ធនៅប្រទេសគោលដៅដែលទំនិញទៅដល់។

៥. បញ្ហានៃការប្រើប្រាស់ទូកុងតឺន័រជាមួយ FOB

កំហុសទូទៅមួយគឺការប្រើ FOB សម្រាប់ទំនិញដែលដាក់ក្នុងទូកុងតឺន័រ។ 

ពេលប្រើកុងតឺន័រ អ្នកលក់មិនអាចយកវាទៅដាក់ផ្ទាល់លើកប៉ាល់បានទេ។ គេត្រូវយកវាទៅប្រគល់ឱ្យទីធ្លាផែសិន។ ដោយសារអ្នកលក់លែងមានសិទ្ធិបញ្ជាលើកុងតឺន័រនៅពេលវាចូលដល់ផែ ការប្រើ FOB គឺជារឿងប្រថុយប្រថាន។ បើកុងតឺន័រខូចខាតនៅក្នុងផែ មុនពេលដាក់លើកប៉ាល់ អ្នកលក់នៅតែជាអ្នកទទួលខុសត្រូវដដែល។

ដំណោះស្រាយ៖ សម្រាប់កុងតឺន័រ សូមប្រើ FCA ជំនួសឱ្យ FOB។ ក្រោម FCA ការប្រគល់ទំនិញបញ្ចប់ត្រឹមពេលកុងតឺន័រចូលដល់ផែ។ នេះជួយការពារអ្នកលក់ពីហានិភ័យនៅក្នុងផែដែលខ្លួនមិនអាចគ្រប់គ្រងបាន។

សេចក្តីសន្និដ្ឋាន

FCA ប្រើបានគ្រប់មធ្យោបាយដឹកជញ្ជូន ហើយផ្ទេរហានិភ័យនៅលើគោក (នៅឃ្លាំងអ្នកលក់ ឬនៅផែ)។

FOB ប្រើសម្រាប់តែផ្លូវទឹក ហើយផ្ទេរហានិភ័យពេលទំនិញដាក់ដល់លើកប៉ាល់។

ទាំង FCA និង FOB អ្នកលក់រៀបចំ clear គយនាំចេញ រីឯអ្នកទិញរៀបចំclearគយនាំចូល។

គួរប្រើ FCA សម្រាប់កុងតឺន័រ និងប្រើ FOB សម្រាប់តែទំនិញចាក់ផ្ទាល់ (Bulk Cargo) ប៉ុណ្ណោះ។

តើអ្នកចង់ប្រគល់ទំនិញនៅលើគោកដោយសុវត្ថិភាពតាមរយៈ FCA ឬចង់រង់ចាំរហូតដល់ទំនិញដាក់លើកប៉ាល់តាមរយៈ FOB?



Comments

Post a Comment