អ្វីដែលអ្នកទទួលផលត្រូវធ្វើនៅពេលការទាមទារសំណងក្រោមលិខិតធានាត្រូវបានបដិសេធ

១. សិទ្ធិក្នុងការដាក់សំណើទាមទារសំណងជាថ្មី
គំនិតគោល៖ នៅពេលការទាមទាររបស់អ្នកត្រូវបានបដិសេធដោយសារមានកំហុស វាមិនមែនជាទីបញ្ចប់ទេ។ អ្នកទទួលផល (Beneficiary) មានសិទ្ធិពេញលេញក្នុងការ កែតម្រូវកំហុស ហើយដាក់សំណើទាមទារទូទាត់សំណងថ្មីម្ដងទៀត។
ចំណុចសំខាន់៖ ត្រូវប្រាកដថាអ្នកដាក់សំណើថ្មីនេះ មុនថ្ងៃផុតកំណត់ នៃលិខិតធានា។ ពេលហួសថ្ងៃកំណត់ អ្នកទទួលផលនឹងបាត់បង់សិទ្ធិក្នុងលិខិតធានាតួយ៉ាងដូចជាសិទ្ធិក្នុងការទាមទាសំណងនេះ។
២. ស្វែងយល់ពីសារជូនដំណឹងបដិសេធរបស់អ្នកធានា
គំនិតគោល៖ អ្នកធានា (ឧ. ធនាគារ) ត្រូវតែគោរពតាមវិធានដ៏តឹងរ៉ឹងនៅពេលបដិសេធសំណើរបស់អ្នកទទួលផល។ អ្នកធានាត្រូវតែផ្ញើ សាជូនដំណឹងតែមួយគត់ ដែលបញ្ជាក់ច្បាស់ៗអំពី៖
១. ការបដិសេធសំណើទាមទារ។
២. រៀបរាប់រាល់កំហុស(Discrepancy(ies)ទាំងអស់ដែលជាមូលហេតុនៃការបដិសេធ។
ពេលវេលា៖ សេចក្ដីជូនដំណឹងនេះត្រូវតែផ្ញើជូន "ដោយមិនបង្អង់យូរ" និងមិនឱ្យលើសពី ៥ ថ្ងៃនៃថ្ងៃធ្វើការ បន្ទាប់ពីថ្ងៃដែលអ្នកធានាបានទទួលលិខិតស្នើសុំការទូទាត់។
៣. វិធាននៃការរារាំង (អំណាចរបស់អ្នក)
គំនិតគោល៖ នេះគឺជាការការពារដ៏សំខាន់បំផុតសម្រាប់អ្នក! ប្រសិនបើអ្នកធានាបរាជ័យក្នុងការគោរពតាមវិធាននៃការបដិសេធ (ឧ. ផ្ញើលិខិតបដិសេធយឺត ឬមិនបានរៀបរាប់គ្រប់កំហុសឆ្គង) នោះពួកគេ បាត់បង់សិទ្ធិក្នុងការបដិសេធទូទាត់សំណើសុំទាមទាសំណង។
លទ្ធផល៖ អ្នកធានានឹងត្រូវ បង្ខំចិត្តសងប្រាក់ តាមការទាមទាររបស់អ្នក ទោះបីជាសំណើដើមរបស់អ្នកមានកំហុសក៏ដោយ។
៤. ការកែតម្រូវកំហុសក្នុងសំណើថ្មី
គំនិតគោល៖ នៅពេលរៀបចំសំណើថ្មី អ្នកត្រូវដោះស្រាយរាល់ចំណុចខ្វះខាត(កំហុស)ដែលអ្នកធានាបានលើកឡើង។ កំហុសជាទូទៅរួមមានដូចជា៖
- ខ្វះសេចក្ដីថ្លែងការណ៍គាំទ្រ៖ មិនបានបញ្ជាក់ពីការរំលោភកិច្ចសន្យារបស់អ្នកដាក់ពាក្យស្នើសុំ។
- ទាមទារលើសចំនួន៖ ទាមទារប្រាក់ច្រើនជាងចំនួនដែលមានក្នុងការធានា។
- កាលបរិច្ឆេទមិនត្រឹមត្រូវ៖ កាលបរិច្ឆេទលើឯកសារខុសពីលក្ខខណ្ឌ។
- ទិន្នន័យផ្ទុយគ្នា៖ ព័ត៌មានក្នុងឯកសារមួយមិនស៊ីគ្នានឹងឯកសារផ្សេងទៀត ឬលិខិតធានា។
៥. ជម្រើសរបស់អ្នកធានា (មិនមែនរបស់អ្នកទទួលផល)
គំនិតគោល៖ អ្នកធានាអាចជ្រើសរើសសួរភាគីម្ខាងទៀត (អ្នកដាក់ពាក្យស្នើសុំចេញធានា) ឱ្យយល់ព្រមលើកលែងកំហុសក្នុងសំណើរបស់អ្នកទទួលផល។
ចំណុចសំខាន់៖ នេះគឺជា សិទ្ធិសម្រេចរបស់អ្នកធានាតែម្នាក់គត់។ អ្នកមិនអាចបង្ខំពួកគេឱ្យធ្វើបែបនេះបានទេ ហើយទោះបីភាគីម្ខាងទៀតយល់ព្រមក៏ដោយ ក៏អ្នកធានានៅតែអាចសម្រេចចិត្តបដិសេធបានដដែល។
៦. ករណីប្រធានស័ក្តិ (Force Majeure)
គំនិតគោល៖ ប្រសិនបើមានឧបទ្ទវហេតុធំៗ (ដូចជា គ្រោះធម្មជាតិ សង្គ្រាម កុបកម្ម) ដែលរារាំងដំណើរការត្រួតពិនិត្យ ឬការទូទាត់ នោះ ថ្ងៃផុតកំណត់នៃការធានាអាចត្រូវបានពន្យារពេល។
អត្ថប្រយោជន៍៖ ការពន្យារពេលនេះអាចផ្ដល់ឱកាសឱ្យអ្នកមានពេលបន្ថែមទៀត ដើម្បីដាក់សំណើទាមទារដែលបានកែតម្រូវត្រឹមត្រូវ។
៧. វិធានការផ្លូវច្បាប់
គំនិតគោល៖ ប្រសិនបើអ្នកធានាបដិសេធសំណើរបស់អ្នកទាំងដែល សំណើនោះត្រឹមត្រូវឥតខ្ចោះ តាមលក្ខខណ្ឌ នោះគឺជា "ការបដិសេធដោយខុសច្បាប់"។
សកម្មភាពរបស់អ្នក៖ អ្នកមានសិទ្ធិ ប្ដឹងទាមទារសំណងការខូចខាត ពីអ្នកធានាចំពោះការរំលោភកិច្ចសន្យានៃការធានានោះ។ អ្នកធានាត្រូវតែ "បង់ប្រាក់ជាមុន ទើបដោះស្រាយវិវាទជាក្រោយ" លើកលែងតែអ្នកធានាមានភស្តុតាងបញ្ជាក់ច្បាស់លាស់អំពីការក្លែងបន្លំ(Fraud)។

0 Comments
Post a Comment